តើខ្ញុំត្រូវជ្រើសរើសយកជំនាញមួយណា?
តើខ្ញុំត្រូវជ្រើសរើសយកជំនាញមួយណា? សិស្សស្ទើរតែ១០០% តែងជួបការលំបាកមិនដឹងថា គួរជ្រើសរើសយកមុខជំនាញណាមួយមកសិក្សា សម្រាប់ជាអាជីពប្រចាំជីវិតនាពេលអនាគត។
ការពិតទៅការរើសយកជំនាញសិក្សាមិនគួរលំបាកពេកទេ ដរាបណាគេបានត្រៀមខ្លួននិងសិក្សាស្វែងយល់ឲ្យបានច្បាស់អំពី ខ្លួនឯងនិងអាជីព ដែលខ្លួនចង់ធ្វើ។ កត្តាគួបផ្សំមួយចំនួនដែលគួរយកមកពិចារណារួមមាន តើមុខជំនាញនេះងាយស្រួលរកការងារធ្វើទេពេលបញ្ចប់ការសិក្សា? តើនៅថ្ងៃអនាគត នឹងមានតម្រូវការធនធានមនុស្សដែលមានសមត្ថភាពជំនាញបែបនេះដែរឬទេ? ក្រៅពីធ្វើការតាមបណ្តាក្រុមហ៊ុន ឬអង្គការ តើមុខជំនាញនេះអាចយកទៅប្រកបរបរអាជីវកម្មបានដោយខ្លួនឯងដែរឬទេ?
សិស្សមួយចំនួនសម្រេចចិត្តទៅតាមក្តីប្រាថ្នារបស់ឪពុកម្តាយ មិនដឹងពីសមត្ថភាពរបស់កូន នេះជាហេតុនាំឲ្យពួកគេអាចបោះបង់ចោលការសិក្សា។ ដោយឡែក សិស្សមួយចំនួនទៀតបានសម្រេចចិត្តទៅតាមតម្រូវការនៃទីផ្សារ ដោយមិនមើលពីសមត្ថភាពរបស់ខ្លួនទេ នេះជាហេតុផលមួយទៀតនាំឲ្យពួកគេមិនបានទទួលជោគជ័យនៅក្នុងជីវិត ។ នេះជាអ្វីដែលបាននឹងកំពុងកើតមាននៅប្រទេសកម្ពុជា។
ការជ្រើសរើសបន្តការសិក្សានៅកម្រិតឧត្តមសិក្សា មុខវិជ្ជាសិស្ស-និស្សិតរៀនភាគច្រើននោះ គឺធនាគារ ហិរញ្ញវត្ថុ គណនេយ្យ ទីផ្សារ ភាសាអង់គ្លេស គ្រប់គ្រង និងច្បាប់។ ការកង្វះខាតនូវព័ត៌មាននៃការសិក្សានៅកម្រិតឧត្តមសិក្សារបស់សិស្ស ធ្វើឲ្យពួកគាត់ជ្រើសរើសមុខវិជ្ជាដែលមិនសមបំណងរបស់ខ្លួន។ សិស្សខ្លះ ជ្រើសរើសទៅតាមការអូសទាញរបស់មិត្តភ័ក្តិ ហើយខ្លះទៀតតាមឪពុកម្តាយរបស់ពួកគេ។ សិស្សដែលបញ្ចប់បាក់ឌុប (សញ្ញាបត្រទុតិយភូមិ) មិនបានជ្រើសរើសមុខវិជ្ជាដែលខ្លួនស្រឡាញ់ និងពេញចិត្តនោះទេ។ ភាគច្រើន ពួកគេជ្រើសរើសទៅតាមតែទីផ្សារការងារសព្វថៃ្ង តាមអ្នកដែលផ្តល់លុយឲ្យ និងតាមរយៈមិត្តភក្តិ។ ពួកគេនឹងប្រឈមមុខជាមួយនឹងកង្វះការងារធើ្វ និងធ្វើការងារមិនត្រូវតាមមុខជំនាញរបស់ខ្លួននាពេលអនាគត។ ការជ្រើសរើសមុខវិជ្ជាខុសក្នុងការបន្តការសិក្សានៅកម្រិតឧត្តម ពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមដូចជា ភាពគ្មានការងារ ធើ្វការតាមមិនទាន់នៃបច្ចេកវិទ្យានៅពេលបច្ចុប្បន្ន ឬអនាគត និងការប្រឈមពេលប្រទេសជាសមាជិកអាស៊ានទាំងអស់ ធ្វើសមាហរណកម្មទៅជាសហគមន៍អាស៊ានឆ្នាំ២០១៥ ។
ការសម្រេចចិត្តត្រឹមត្រូវទាមទារឲ្យសិស្សទទួលបានព័ត៌មានច្រើនស្តី ពីមុខវិជ្ជា ខ្លួនបម្រុងនឹងរៀន តាមរយៈសាកលវិទ្យាល័យនីមួយៗ ដែលខ្លួនចង់ទៅរៀន និងការសាកសួរអ្នកដែលធ្លាប់មានបទពិសោធន៍ពីមុនមក។ ការជ្រើសរើសមុខវិជ្ជាដែលត្រូវនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន គឺជាការត្រៀមរៀបចំអនាគតរបស់ខ្លួនសម្រាប់ទីផ្សារការងារនាពេលខាងមុខ ។ (នេះជាដំបូន្មានរបស់ក្រុមអ្នកជំនាញ) ។
ក្រៅពីកត្តាដែលបានរៀបរាប់ខាងលើ កត្តាដែលសំខាន់បំផុតគឺ ជាប់ទាក់ទងនឹងខ្លួនអ្នកផ្ទាល់ ចូរសួរខ្លួនឯងនូវសំណួរដូចខាងក្រោមៈ
• តើអ្នកចូលចិត្តអ្វី? ចូរជ្រើសរើសមុខជំនាញណាដែលអ្នកចូលចិត្ត មិនមែនមុខជំនាញដែលបងប្អូន ឬមិត្តភក្តិរបស់អ្នកចូលចិត្ត ហើយជំរុញឲ្យអ្នករៀនទេ។ សង្គមគ្រួសារទូទៅ មិនថានៅស្រុកខ្មែរ ឬនៅស្រុកគេទេ ច្រើនចូលចិត្តឲ្យកូនរៀនពេទ្យ ព្រោះពេលរៀនចប់អាចរកប្រាក់បានច្រើន។
ប៉ុន្តែប្រសិនបើអ្នកគ្មានចំណូលចិត្តសោះ អ្នកខ្លាចឈាម អ្នកមិនចូលចិត្តទន្ទេញមេរៀន តើអ្នកអាចទ្រាំរៀនបានរាប់ឆ្នាំដែរឬទេ? អ្នកប្រហែលជាបោះបង់ចោល
កណ្តាលទី ឬបើបញ្ចប់ហើយពេលធ្វើការអ្នកអាចនឹងដូរការងារទៅធ្វើអ្វីផ្សេងដដែរ។
• តើអ្នកពូកែខាងអ្វី? អ្នកគួរជ្រើសរើសជំនាញទៅតាមទេពកោសល្យរបស់អ្នក។
• អ្នកចង់ក្លាយខ្លួនជាអ្វី? តើអ្នកតែងតែស្រមៃចង់ក្លាយជាវិស្វករមែនទេ? តើអ្នកតែងតែស្រមៃចង់ក្លាយជាមេធាវីមែនទេ? ចូរភ្ជាប់ក្តីស្រមៃទាំងនេះ ទៅនឹងមុខជំនាញណាដែលអាចប្រែក្លាយក្តីស្រមៃនេះឲ្យក្លាយជាការពិត។
0 សេចក្តីអធិប្បាយ:
Note: Only a member of this blog may post a comment.